ក្រសួងអប់រំហាមមិនឱ្យថតចម្លងផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុប
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងអប់រំយុវជន និងកីឡាបានចេញបម្រាមមួយដោយបានធ្វើការហាមឃាត់ការថតចម្លង ផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុនចេញលទ្ធផលប្រឡងបាក់ឌុបខាងមុខ។ បើតាមក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា ចំពោះអ្នកប្រព្រឹត្តនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

គួរបញ្ជាក់ថា ក្រសួងអប់រំមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការប្រឡងសំណេររបស់បេក្ខជនផងដែរ។ក្នុងនេះក្រសួងបានធ្វើការណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានាថា មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប តាមគ្រប់រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា ហើយការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់។

ក្រសួងបញ្ជាក់ថាការហាមឃាត់នេះ គឺធ្វើឡើងដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងមក។

សូមបញ្ជាក់ថាក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ មករា





