ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យសមាជិកបក្សប្រជាជនសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបន្ដចុះជួបគ្រួសារមានជីវភាពខ្វះខាតត្រូវជួយគាត់ភ្លាម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្នើឱ្យសមាជិកបក្សប្រជាជនសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបន្ដចុះជួបជាមួយគ្រួសារណាដែលមានជីវភាពខ្វះខាតត្រូវជួយពួកគាត់ភ្លាម ដោយមិនត្រូវទុកពួកគាត់ចោល ស្លាប់ដោយដាច់បាយនោះទេ។ ប្រជាពលរដ្ឋភ្នំពេញរស់នៅរបៀបស៊ីវីល័យហើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការគ្នាឱ្យបានល្អធ្វើយ៉ាងណាឱ្យមូលដ្ឋានយើងទាំងមូលមានសុវត្ថិភាព គ្មានសំរាម និងមានបរិស្ថានស្អាត ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពបរិសុទ្ធ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ចង់ឱ្យរាជធានីភ្នំពេញមានសោភ័ណភាព មានបរិស្ថានស្អាត យើងមិនអាចធ្វើតែឯងបានទេ ដាច់ខាតត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសការចូលរួមពីប្រជាពលរដ្ឋ យើងមានក្រុមហ៊ុនដឹកសំរាមចំនួន៣ហើយ ដូច្នេះទីណាមានសំរាម សូមរាយការណ៍មកភ្នាក់ងារអ្នកដឹកជញ្ជូនសំរាមគេនឹងទៅដឹកជញ្ជូនភ្លាម។ យុវជនជំនាន់មុនបានលះបង់ច្រើនណាស់ ដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុននោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា សមាជិក សមាជិការបស់យើង ជាឃោសនិកដ៏ឧត្ដុង្គឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សរបស់យើង ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់ និងសូមឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។ ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម ឃួង ស្រេង បានសម្រេចធ្វើការកសាងផ្លូវបេតុងមួយខ្សែជូនប្រពលរដ្ឋរស់នៅក្នុងភូមិ២ សង្កាត់ស្រះចក តាមសំណូមពរប្រជាពលរដ្ឋផងដែរ។

លោកស្រីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ស្រះចក ក៏បានឱ្យដឹងថា សង្កាត់ស្រះចកមានផ្ទៃដីទំហំ ៣២០១ហិកតា ដែលផ្ទៃដីនេះស្មើនិង១ភាគ៣នៃខណ្ឌទាំងមូល មាន២៤ភូមិ ។ សង្កាត់នៅមានសកម្មភាព ក្មេងទំនើង ក្មេងបង្ហោះម៉ូតូ គ្រឿងញៀនតិចតួច តែសកម្មភាពទាំងនេះ គឺសុទ្ធតែកម្លាំងយើងបង្ក្រាបបាន។ មានគម្រោងអភិវឌ្ឍន៍សង្កាត់ដើម្បីប្រយោជន៍សាធារណៈ។ បានផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ទាំងសំបុត្រកំណើត សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានល្អនិងទាន់ពេល ។ ចំណែកការងារសង្គម យើងបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្របានទាន់ពេលវេលារហូតទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសចំពោះសេវាសង្គមនេះ។ សមាជិកបក្យសង្កាត់តែងតែរចុះសំណេះសំណាលនិងជួយប្រជាពលរដ្ឋ នៅតាមភូមិជាប់ជាប្រចាំ។ មានសាមគ្គីភាពផ្ទៃក្នុងល្អ យើងបានពង្រឹងកម្លាំងទាំងប្រជាការពារនិងប៉ូលីស ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពោល បើមានបញ្ហាអ្វីមួយ យើងអន្តរាគមន៍ជួយពួកគាត់ភ្លាមៗតែម្តង។ បានពង្រឹងរចនាសម្ព័ន្ធបក្សបានរឹងមាំ ខិតខំរកមូលនិធិនិងចំណូលដើម្បីជួយពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសកម្មជនតាមភូមិ ដើម្បីយកព័ត៌មានពីក្រោមច្បាស់លាស់ អាចវាយបកវិញបានទាន់ពេល៕

ដោយ៖ សួស សំរិត





