ឯកឧត្ដម ម៉េត មករា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្ដីពី «ក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨»
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី «ក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨» ជូនជនបង្គោលមកពីក្រសួង-ស្ថាប័ន នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី Mr. Shakeel Ahmad តំណាងរងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP និងមន្ត្រីជាជនបង្គោលតាមក្រសួង-ស្ថាប័ន សរុប១០៤រូប។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ម៉េត មករា បានផ្ដល់នូវអនុសាសន៍ចំនួន៦ ដើម្បីឱ្យវគ្គបណ្ដុះបណ្ដាលនេះទទួលបានជោគជ័យ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ គឺ៖ ទី១. ពិនិត្យ និងស្វែងយល់អំពីសូចនាករនានាដែលពាក់ព័ន្ធនឹងការងារជំនាញរបស់ក្រសួង-ស្ថាប័ន។ ទី២. កំណត់អ្នកបញ្ចូលទិន្ន័យ និងអ្នកអនុម័តសម្រេចទទួលស្គាល់លើទិន្ន័យដែលបានបញ្ចូល។ ទី៣. ទំនាក់ទំនងជាប្រចាំជាមួយជនបង្គោលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីធានាថាទិន្ន័យ និងព័ត៌មានដែលបានបញ្ចូលស្របតាមសូចនាករ។ ទី៤. ចូលរួមឱ្យបានទៀងទាត់ និងចៀសវាងការផ្លាស់ប្ដូរជនបង្គោលដែលក្រសួង-ស្ថាប័នបានចាត់រួច។ ទី៥. ត្រូវផ្តល់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការដើម្បីបូកសរុបចងក្រង និងទី៦. ត្រូវផ្តល់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន ប្រចាំត្រីមាសទី១ ត្រីមាសទី២ ត្រីមាសទី៣ និងត្រីមាសទី៤ តាមរយៈថ្នាលតាមដាននិងវាយតម្លៃឌីជីថលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយធ្វើការវិភាគនិងប្រៀបធៀបសូចនាករទៅនឹងលទ្ធផលជាក់ស្តែង និងរៀបចំរបាយការណ៍វឌ្ឍនភាពជូនរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលជាដៃគូយុទ្ធសាស្រ្តមិនអាចខ្វះបានដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគាំទ្រដល់វិស័យពិការភាពនៅកម្ពុជាតាំងពីឆ្នាំ២០១៣ រហូតមកទល់ពេលនេះ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺមានពីរចំណុចសំខាន់ៗ ដែលទី១. បង្កើនការយល់ដឹងទូលំទូលាយអំពីសូចនាកររបស់ផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3) ដែលពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នរៀងៗខ្លួន។ រៀនពីរបៀបអនុវត្តជាក់ស្តែងនៅក្នុងប្រព័ន្ធតាមដាន និងវាយតម្លៃឌីជីថលឱ្យមានប្រសិទ្ធភាព ទី២. ប្រមូល និងបញ្ចូលទិន្នន័យ ព័ត៌មានឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមសូចនាករនៃផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3) ដើម្បីគាំទ្រដល់របាយការណ៍វឌ្ឍនភាព៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





