ឯកឧត្តម ឃឹម ហ្វីណង់ ផ្សព្វផ្សាយសហគមន៍កសិកម្មទំនើបដល់និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយពីឱកាសការងារជាមួយសហគមន៍កសិកម្មទំនើបជូនដល់ប្អូនៗនិស្សិតឆ្នាំបញ្ចប់មកពីមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា មានអ្នកខ្លះនៅយល់ច្រលំថាការបង្កើតសហគមន៍កសិកម្មទំនើបគ្រាន់តែជាការងារផ្សព្វផ្សាយ តែតាមពិតទៅ ការងារនេះទាមទារឱ្យធ្វើរឿង៤ដំណាលគ្នាទើបអាចចេញដំណើរទៅបាន៖ ទី១. រកអ្នកធ្វើផ្សព្វផ្សាយប្រមូលផ្តុំចងក្រងកសិករ ទី២. រកអ្នកទិញតភ្ជាប់ទីផ្សារ និងចុះកុងត្រាទុកជាមុន ទី៣. រកអ្នកឱ្យខ្ចីរៀបចំឯកសារស្នើសុំឥណទានពីធនាគារដៃគូ និងទី៤. រកអ្នកគ្រប់គ្រងជ្រើសរើសបុគ្គលិករៀបចំប្រព័ន្ធគ្រប់គ្រង ធ្វើផែនការអាជីវកម្ម និងធានាប្រសិទ្ធភាពនៃប្រតិបត្តិការសហគមន៍។

សូមជម្រាបថា សហគមន៍កសិកម្មទំនើបផ្តោតសំខាន់ទៅផលិតកម្មរួមដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយប្រជាកសិករដែលជាសមាជិកមានផលិតកម្មរួមគ្នា។ សហគមន៍កសិកម្មទំនើបដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រដ្ឋាភិបាល នីតិកាលទី៧ ត្រូវបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣៕


ដោយ ណយ នឿន





