ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំផែនការដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ
AKP កណ្ដាល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំផែនការដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកស្អាង និងមន្ទីរពាក់ព័ន្ធផងដែរ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ហើយបានកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់ឡើងលើផ្ទៃដីជាង២៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





