ប្រជាពលរដ្ឋទីទ័លក្រទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ -- លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកស្រី ឈុន ដារី អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីសាខា អ្នកស្ម័គ្រចិត្តសាខា និងអាជ្ញាធរមូលដ្ឋានសង្កាត់ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រមានជីវភាពខ្វះខាត និងជនចាស់ជរាគ្មានទីពឹងចំនួន១០គ្រួសារ ស្ថិតនៅសង្កាត់លេខ៤ ចំនួន ៤គ្រួសារ និងសង្កាត់លេខ១ ចំនួន ៦គ្រួសារ ក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដែលមានជីវភាពខ្វះខាតនៅក្នុងក្រុងព្រះសីហនុ ដោយសារតែរដូវនេះជារដូវវស្សាពិបាកក្នុងការចេញទៅប្រកបការងារនៅខាងក្រៅ។ ទន្ទឹមនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏ដូចជាសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់សាខាកាកបាទក្រហមខេត្ត ត្រូវគិតគូអំពីសុខទុក្ខ និងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ក្មេងកំព្រាជាដើម ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាជួយរំលែកការខ្វះខាតបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនោះ លោកនាយកសាខាកាកបាទក្រហមខេត្តព្រះសីហនុបានធ្វើការណែនាំដល់បងប្អូនទាំងអស់ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ហើយសូមប្រុងប្រយ័ត្ននូវជំងឺគ្រុនឈាមទាំងអស់គ្នា។

សូមជម្រាបជូនថា អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ក្នុងក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា៥ម៉ឺនរៀល៕
ដោយ ងូ សុមុនី





