អភិបាលរងខេត្តកំពង់ស្ពឺលើកទឹកចិត្តសមាជិកចូលរួមឱ្យបានយ៉ាងសកម្មជាមួយនឹងស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤)
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- សមាជិក សមាជិកាមេត្តាចូលរួមឱ្យបានយ៉ាងសកម្មជាមួយនឹងស្មារតីយកចិត្តទុកដាក់ខ្ពស់ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់នូវវិធាន នីតិវិធី និងបច្ចេកទេសនានា ដើម្បីឱ្យការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០២៤) ឱ្យទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយ គុណភាពល្អ និងទាន់ពេលវេលា។ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។


ឯកឧត្តម កង វណ្ណារ៉ូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលកន្លងមក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ព្រមទាំងបានសម្របសម្រួលសហការជាមួយរដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយ ណែនាំ ជំរុញការអនុវត្ត និងត្រួតពិនិត្យការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នេះជារៀងរាល់ឆ្នាំផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(SARMIS) ដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត នីតិបុគ្គលសាធារណៈ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបានអភិវឌ្ឍប្រព័ន្ធនេះជាបន្តបន្ទាប់។


ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងលោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមពិនិត្យ ផ្គូផ្គង វាយតម្លៃលើការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០២៤) ដើម្បីឱ្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះ នឹងចូលរួមចំណែកដើម្បីពង្រឹងការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរៀបចំបញ្ជីសារពើភណ្ឌ និងការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) ដីរដ្ឋ ឱ្យកាន់តែមានគុណភាពល្អ ប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរផងដែរ៕

ដោយ លឹម សាន្ត





