ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមទស្សនៈធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ការគូសបញ្ជាក់បែបនេះរបស់ប្រមុខក្រសួងមហាផ្ទៃធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន ដោយកិច្ចការដ៏មានសារៈសំខាន់នេះត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការដែលថ្នាក់ខេត្តទទួលខុសត្រូវទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

ក្នុងន័យនេះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមជឿជាក់ថា លោកជំទាវ ឈី វ៉ា នឹងខិតខំបន្តទទួលខុសត្រូវលើការងារដឹកនាំក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្តពីលោកជំទាវ មិថុនា ភូថង និងអភិបាលខេត្តជំនាន់មុន ដែលបានខិតខំពូនជ្រំកសាងសមិទ្ធផលជាច្រើន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





