អាជ្ញាធរជាតិព្រះវិហារទទួលកុលាលភាជន៍ចំនួន១ពីប្រជាជនរស់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- លោក ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងលោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលកុលាលភាជន៍ប្រភេទថូ ចំនួន១ ពីលោក ម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

កុលាលភាជន៍ត្រូវបានប្រទះឃើញពេលជីកដីក្នុងបរិវេណលំនៅឋានរបស់ពួកគាត់ ហើយបានប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមករក្សាទុក និងសិក្សាស្រាវជ្រាវបន្ត ក៏ដូចជាដាក់តាំងនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ថូនេះមានកម្ពស់៣១ សង់ទីម៉ែត្រ ទទឹង១៩ សង់ទីម៉ែត្រ មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅសម័យអង្គរ។ អាជ្ញាធរជាតិព្រះវិហារ កន្លងមកតែងតែបានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងបងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់ជូនមកសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ។


តំណាងអាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលស្ម័គ្រចិត្តប្រគល់កុលាលភាជន៍នេះសម្រាប់ថែរក្សាទុកនៅក្នុងសារមន្ទី ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





