ពិធីបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ នៃអ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍
AKP កណ្តាល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- លោក ប្រាក់ សារ៉ាតអភិបាលរងខេត្តកណ្ដាល និងលោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធាន គ.ក.ស.ក ខេត្ត នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅសាលាខេត្តកណ្តាល។

ក្នុងឱកាសបិទវេទិកានេះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារគណនេយ្យភាពថ្នាក់ខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអង្គការដៃគូ អង្គការទស្សនៈពិភពលោក អង្គការស្តារកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធផ្សេងៗទៀត ព្រមកទាំងអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ ដែលមានកិច្ចសហប្រតិបត្តការល្អក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសហគមន៍នៅក្នុងខេត្តកណ្តាល បានល្អប្រសើរ សំដៅលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ពិសេសសេវារដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់ សេវាផ្សេងៗនៅក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ និងបរិយាបន្ន លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ការងារគណនេយ្យភាពសង្គមគឺជាសរសៃគោល នៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ក្នុងនាមតួអង្គរដ្ឋត្រូវធានា និងការទទួលខុសត្រូវទៅលើការអនុវត្តតានីតិវិធី បទប្បញ្ញត្តិ និងការបំពេញការងារឱ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រដ្ឋបាលឃុំសង្កាត់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការពង្រឹងនូវការផ្តល់សេវាសាធារណៈ ការផ្តល់ភាពជាម្ចាស់ពេញលេញជូនពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោយជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ព្រមទាំងគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ដែលដាក់ឱ្យអនុវត្ត ដើម្បីគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹង និងពង្រីកសេវាសុខភាព ឆ្ពោះទៅរកគ្របដណ្តប់សុខភាព ជាសាកលប្រកបដោយបរិយាបន្ន។


លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ផែនការអនុវត្តគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភាផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





