អភិបាលខេត្តកំពង់ធំសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBSTប្រវែងជិត១២គីឡូម៉ែត្រនៅឃុំបាក់ស្នា
AKP កំពង់ធំ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBSTប្រវែង១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិបាក់ស្នាក្រោមទៅកាន់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំ មានហេដ្ឋារចនាសម្ព័ន្ធ ដែលជាចរន្តសេដ្ឋកិច្ចមួយក្នុងការសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមបន្តថា ខេត្តកំពង់ធំគឺជាខេត្តដែលបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់លើវិស័យកសិកម្មក្នុងខេត្តកំពង់ធំនឹងប្រែក្លាយកសិកម្មជាលក្ខណៈគ្រួសារ ឱ្យទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះដំណាំស្វាយចន្ទី។ ខណៈដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទី។ ក្នុងអាណត្តិទី៧ បានអនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម បន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម និងការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាផ្លូវនេះ ប្រកដោយការទទួលខុសត្រូវ ដើម្បីឱ្យផ្លូវរឹងមាំជាប់យូរអង្វែង ជាពិសេស សោភ័ណភាពសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវក្នុងមូលដ្ឋានមើលទៅកាន់តែស្រស់ស្អាតដោយចូលរួមថែទាំទាំងអស់គ្នា៕
ដោយ ស៊ុម វណ្ណា





