ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពដំណាំសាកវប្បកម្ម នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការទទួលបន្ទុកដំណាំសាកវប្បកម្ម និងក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពដំណាំសាកវប្បកម្មនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្ដម និងក្រុមការងារ បានចុះទៅកសិដ្ឋានវៃឆ្លាត (Smart Farm) របស់ស្ថានីយពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ Smart Farm បានដំណើរការសមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) ពិសេសជំរុញបង្កើនផលិតកម្មបន្លែនៅកម្ពុជា ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ មិនអំណោយផល នៅរដូវកាលមួយចំនួន។

ក្រុមការងារបានចុះពិនិត្យស្ថានីយពិសោធកសិកម្មបន្ទាយដែក ដែលធ្វើការស្រាវជ្រាវ និងផលិតពូជពោតអ៊ីប្រីដកម្ពុជា នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដើម្បីជួបពិភាក្សាការងារជាមួយក្រុមបច្ចេកទេសក្រុមហ៊ុន ត្រូភីខេម ច្រូត អេន វេជីថេប៊ល ឯ.ក លើដំណើរការរៀបចំមជ្ឈមណ្ឌលបន្លែសុវត្ថិភាពលើផ្ទៃដី៦ហិកតា នៅស្ថានីយបន្ទាយដែក ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ធ្វើឡើងតាមបច្ចេកទេសទំនើប ក្នុងបំណងផ្គត់ផ្គង់បន្លែសុវត្ថិភាព ឆ្លើយតបនឹងទីផ្សារ និងជាកន្លែងសិក្សា ផ្លាស់ប្តូរបទពិសោធ និងអភិវឌ្ឍបច្ចេកទេសថ្មីៗ។

ឯកឧត្ដម និងក្រុមការងារក៏បានបន្ដចុះពិនិត្យស្ថានភាពផលិកម្មបន្លែ ក្នុងផ្ទះសំណាញ់ ទីតាំងវិចខ្ចប់ និងឃ្លាំងស្ដុកទុក របស់ក្រុមហ៊ុនក្នុងកសិដ្ឋានផ្ទាល់ ដើម្បីឱ្យក្រុមការងារជំនាញក្រសួងពិនិត្យវាយតម្លៃ សហការគាំទ្រ ក្នុងការចូលរួមជួយជំរុញផលិតភាពរបស់ក្រុមហ៊ុន ក៏ដូចជាជំរុញផលិតភាពផលិតកម្មសាកវប្បកម្មកម្ពុជា ស្របតាមបរិបទថ្មីនេះផងដែរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





