ឯកឧត្តម ហាប់ ទូច និងសិល្បករជាង១០០នាក់ ធ្វើទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករសិល្បការិនីនៃសមាគមសិល្បករកម្ពុជាប្រមាណ ១០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងឱកាសនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោដែលត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និងគ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





