អនុប្រធានអាជ្ញាធរទន្លេសាបចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីក្នុងខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារតំណាងអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីតាមបណ្តាឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ហាក់ បានលើកឡើងថា កិច្ចប្រជុំនេះដើម្បី ពិនិត្យ វាយតម្លៃ បូកសរុបលទ្ធផលការងារចុះពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប ដើម្បីប្រើប្រាស់ជាមូលដ្ឋានដល់ការងាររៀបចំទិន្នន័យសក្តានុពលសម្រាប់កសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ នៃតំបន់ជុំវិញបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងនោះផ្តោតសំខាន់លើ ស្ថានភាពបង្គោលព្រំតំបន់៣ ស្ថានភាពកាន់កាប់ដីធ្លីតំបន់៣ ផែនការអភិវឌ្ឍន៍ផ្អែកលើទិន្នន័យ និង ការចុះបញ្ជីដីធ្លីរបស់រដ្ឋ នៃស្ថាប័នពាក់ព័ន្ធ និង ពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំទិន្នន័យសក្តានុពលសម្រាប់កសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នៃតំបន់ជុំវិញបឹងទន្លេសាប។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តពោធិ៍សាត់ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារអន្តរក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ នៃខេត្តពោធិ៍សាត់៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





