មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងចម្រុះបន្តចុះទប់ស្កាត់បង្ក្រាបបទរបស់នេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- សង្កាត់រដ្ឋបាលជលផលពាមបាងបានចូលរួមជាមួយលោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទភូមិដូនស្តើន បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច ត្រពាំងផ្សោត ភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

ជាលទ្ធផលអនុវត្តបាន១ករណី ដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន៤របាំង ប្រវែង១១០០ម៉ែត្រ ឡុកសាច់អួនចំនួន ៨គ្រឿង លបលូចំនួន១៦មាត់ បង្គោលកូនឈើចំនួន២៨០ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់១០ គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានេះដែរ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចូលរួមជាមួយកម្លាំងចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ កែ ម៉ៃ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ សហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្រឡុកបាយក្អែក ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រទ្បាញឹកចំនួន០១របាំង ប្រវែង៣០០ម៉ែត្រ ឡុកចំនួន០២គ្រឿង លបលូចំនួន០២មាត់ និងបង្គោលចំនួន១០០ដើម៕

ដោយ ស៊ុម វណ្ណា





