រដ្ឋបាលឃុំកំពង់ចិនត្បូងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ
AKP កំពង់ធំ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- រដ្ឋបាលឃុំកំពង់ចិនត្បូងបានចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យចំនួន៤០គ្រួសារ ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

លោក ជុំ យ៉េន មេឃុំកំពង់ចិនត្បូង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដោយលោកតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីសម្រួលបន្ទុកគ្រួសារនិងសង្គ្រោះបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកមេឃុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុកស្ទោង ដែលតែងតែជ្រោមជ្រែងដល់គ្រួសារយុទ្ធជន ជនភៀសសឹក ពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ និងគ្រួសារងាយរងហានិភ័យជាច្រើនក្នុងឃុំកំពង់ចិនត្បូង ដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងតម្លៃនៃសន្តិភាព ការដឹងគុណថ្នាក់ដឹកនាំកំពូលដែលលោកបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តបម្រើជាតិ មាតុភូមិ ព្រមទាំងបានទប់ស្កាត់អំពើឈ្លានពានរបស់បរទេស ចំពោះកម្ពុជាបានយ៉ាងជោគជ័យ និងប្រកបដោយសន្តិវិធី។

លោកមេឃុំបានអំពាវនាវដល់អាជ្ញាធរឃុំទាំងអស់ត្រូវរួបរួមគ្នា បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ គុណធម៌ សីលធម៌ និងយុត្តិធម៌ដើម្បីរក្សាបាននូវសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តស្របតាមយុទ្ធសាស្ត្រដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា រដ្ឋបាលឃុំកំពង់ចិនត្បូងបានឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មី១កេស សារ៉ុង១ ត្រីខ ១យួរ ទឹកត្រី៣ដប និងទឹកស៊ីអ៊ីវ៣ដប៕
ដោយ ស៊ុម វណ្ណា





