លោក វណ្ណៈសោភានិត៖ មានបរិស្ថាន មានជីវិត បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រងផ្ដើមចេញពីពលរដ្ឋគ្រប់ៗរូប
AKP កំពង់ធំ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥-- ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិតអភិបាលស្រុកប្រាសាទបល្ល័ង្គ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦២ ដែលមានកូនឈើចំនួន៣២៥០ដើម ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងស្រុក ប្រធានការិយាល័យ កងកម្លាំងទាំងបី មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើននាក់។

លោក វណ្ណៈ សោភានិត បានមានប្រសាសន៍ថា "មានបរិស្ថាន មានជីវិត បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រងផ្ដើមចេញពីពលរដ្ឋគ្រប់ៗរូប"។ បរិស្ថានគឺជាអ្វីគ្រប់យ៉ាងដែលនៅជុំវិញយើង "មានបរិស្ថានគឺមានជីវិត" ឬថាបើមានដើមឈើមួយដើមដូចមានជីវិតមួយលើផែនដីដែលប្រាថ្នាមានជិវិតសង្ខារ ក្នុងភាពស្អាត បៃតង និងចីរភាព។ ម៉្យាងទៀតមុំយុទ្ធសាស្រ្តអាទិភាពទាំង៣បានចែងច្បាស់ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន អនុលោមទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលស្រុកបានថ្លែងនូវការគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍នគរបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋដែលបានចូលរួមសហការក្នុងយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវដែលធ្វើឱ្បបរិស្ថានមានភាពស្រស់បំព្រង ក្រោមចក្ខុវិស័យ “មានបរិស្ថាន មានជីវិត បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រង គឺផ្ដើមចេញពីពលរដ្ឋគ្រប់ៗរូប”។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដើមឈើ ដើម្បីលើកស្ទួយតម្លៃវប្បធម៌ក្រោមរូបភាពបៃតង ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ប្រជាជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរណ៍ជាតិ អន្តរជាតិអំពីមរតកដ៏មានតម្លៃ ពីសម័យ អតីតកាល និងធ្វើទំនើបកម្ម ក្នុងការដាំរុក្ខរបស់ជាតិ គឺដើមឈើ ដែលអាចផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។

សូមបញ្ជាក់ថា ការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦២ថ្ងៃនេះមានចំនួនមានចំនួន៣២៥០ដើម រួមមានមានដើមក្រញូង ធ្នុង និង ដើមកក្ងោក ដែលបានដាំចាប់ពីព្រំប្រទល់ស្រុកកំពង់ស្វាយ រហូតដល់ព្រំប្រទល់ខេត្តព្រះវិហារ៕
ដោយ ស៊ុម វណ្ណា





