អាជ្ញាធរក្រុងប៉ោយប៉ែតជំរុញជួសជុលផ្លូវដែលខូចខាតដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២៥--អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននឹងកំពុងរៀបចំយុទ្ធនាការដ៏ធំមួយដើម្បីជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងការខូចខាតនៅក្នុងមូលដ្ឋាន។

ការអនុវត្តន៍នេះគឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងរដូវវស្សាដែលធ្វើឲ្យផ្លូវមួយចំនួនជួបការលំបាកក្នុងការធ្វើដំណើរ។

កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារនិងគ្រឿងចក្រចុះធ្វើសកម្មភាពជួសជុល និងក្រាលថ្មមិចនៅលើផ្លូវដែលមានប្រវែងជាង ៣០០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែតជាប់ព្រំដែនថៃ។ នេះជាការឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរដោយសារផ្លូវមានសភាពខូចខាត។

លោកអភិបាលក្រុងប៉ោយប៉ែតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍតំបន់ជនបទ និងតំបន់ព្រំដែន។
លោកបានបន្ថែមថា អាជ្ញាធរខេត្តនិងក្រុមការងាររបស់រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឲ្យប្រព័ន្ធគមនាគមន៍មានភាពប្រសើរឡើង និងមានគុណភាពល្អប្រើប្រាស់បានយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទំនប់ ក៥ បានបង្ហាញក្ដីរីករាយនិងសាទរចំពោះការជួសជុលផ្លូវនេះ។ ពួកគេបានថ្លែងអំណរគុណដល់អាជ្ញាធរក្រុងដែលបានជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេពីមុនធ្លាប់ជួបការលំបាកខ្លាំង។

លោក គាត ហ៊ុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងប៉ោយប៉ែត ឲ្យចូលរួមថែរក្សាផ្លូវថ្នល់ដែលបានជួសជុលរួចរាល់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិត។ យុទ្ធនាការជួសជុលផ្លូវនេះរួមមានការក្រាលកៅស៊ូ បេតុង និងថ្មមិច អាស្រ័យតាមលក្ខណៈពិសេសរបស់ផ្លូវនីមួយៗ ដើម្បីធានានិរន្តរភាពនៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញនៅទូទាំងក្រុងប៉ោយប៉ែត៕
ដោយ ៖ឈុនសារ៉ាត





