ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ
AKP បាត់ដំបង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារនៃមន្ទីជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង និងបន្តចុះត្រួតពិនិត្យស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។
គួររំលឹកផងដែរថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋបានជ្រាបថា ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។ ក្នុងស្ថានភាពបែបនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង។


បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត សុខ លូ បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្នហើយ តែនឹងស្រកចុះវិញឆាប់ៗនេះបើផ្នែកខាងលើមិនមានភ្លៀងបន្ថែមទេ។ សូមបងប្អូននៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ មេត្តាប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យ ដើម្បីចៀសវាងបានពីជំងឺឆ្លងផ្សេងៗ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





