ដំណឹងដ៏សែនរីករាយ! វត្តមានសត្វជ្រូកទឹកបានត្រឡប់មកបប្រជុំកោះកែបវិញហើយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- ក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា MCC នៅថ្ងៃទី០២ ខែកញ្ញា់ ឆ្នាំ២០២៥ថា បានប្រទះឃើញមានវត្តមានសត្វជ្រូកទឹក ស្ថិតនៅក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ ប្រជុំកោះកែប។ ក្នុងអំឡុងពេលចុះស្រាវជ្រាវនៅបាតសមុទ្រ MCC បានបានកំណត់សម្គាល់ឃើញនូវដានជ្រូកទឹកស៊ីចំណីថ្មីៗនៅក្នុងតំបន់ស្មៅកាក់សមុទ្រ Halophila sp. ដែលជាចំណីរបស់ជ្រូកទឹកចូលចិត្តស៊ី។ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលទៀតនោះ ប៉ុន្មានថ្ងៃក្រោយមក យើងក៏បានអង្កេតឃើញមានការលេចឡើងរបស់ជ្រូកទឹកម្តងទៀតក្នុងអំឡុងពេលបង្ហោះដ្រូន (drone)។


អស់ប្រមាណជាច្រើនខែមកហើយដែលក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា MCC មិនបានឃើញមានវត្តមានរបស់ជ្រូកទឹក ហើយការការត្រឡប់មកវិញរបស់ពួកគេនេះគឺជាសម្មិតផលមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC និងរដ្ឋបាលជលផល។ ពិសេសជាងនេះទៅទៀតនោះដោយមានការរីកលូតលាស់ឡើងវិញរបស់ស្មៅសមុទ្រ ដែលជាចំណីចម្បងរបស់ពួកគេក្នុងការរស់រានមានជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនេសាទមួយចំនួនដែលបានជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រភេទជីវៈចម្រុះនៅតែបន្តឃើញមានសកម្មភាពនៅក្នុងតំបន់នេះ ដែលជាហេតុធ្វើឱ្យមានការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ថនិកសត្វប្រភេទនេះ និងជម្រករបស់ពួកគេផងដែរ។


ស្របពេលដែលមានការខិតខំប្រឹងប្រែងជាច្រើនត្រូវបានអនុវត្តរួចហើយ ប៉ុន្តែយើងក៏ត្រូវតែបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីរកដំណោះស្រាយចំពោះផលប៉ះពាល់ និងធានាបាននូវបរិស្ថានដ៏មានសុវត្ថិភាពសម្រាប់សត្វជ្រូកទឹកក្នុងដែនសមុទ្រកម្ពុជាយើង៕
ដោយ ណយ នឿន (ប្រភព៖ MCC)





