សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត
AKP កំពង់ធំ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលសំខាន់ៗ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ រួមមាន៖ ការបើកប្រាក់បេឡាមរណសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនបានចំនួន៤៦សព ស្មើនឹងថវិកាចំនួន១៨៤លានរៀល និងបានសហការជាមួយស្ថាប័នមូលនិធិជំនួយសង្គម បើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន៤៩គ្រួសារសព ស្មើទឹកប្រាក់ ៧១០៥៦៤២៩៨រៀល និងបានបញ្ជាក់ជូនអំពីទិសដៅមួយចំនួនដែលត្រូវអនុវត្តបន្ត។

បន្ទាប់ពីសមាជិកអង្គប្រជុំបានឡើងពិភាក្សាគ្នាយ៉ាងផុលផុសក្នុងការបំពេញបន្ថែមលើរបាយការណ៍និងទិសដៅរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះក្រុមលេខាធិការដ្ឋាននៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមបតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំនៅគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានជោគជ័យគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះដូចជា៖ បានដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង និងបានប្រគល់ផ្ទៃដីសម្បទានសង្គមកិច្ចជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ ចំនួន ៦៥ហិកតា ព្រមទាំងបានគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ តភ្ជាប់នៅក្នុងភូមិប្រមាណ ១០គីឡូម៉ែត្រ ដែលគ្រោងដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជាមួយនោះដែរ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំក៏បានរៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានចំនួន ២៥០គ្រួសារ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗមួយចំនួន ជូនដល់ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបម្រើអតីតយុទ្ធជនរបស់យើងបន្តទៀត ប្រកបដោយគុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ ត្រូវប្រុងប្រៀបរៀបចំរកសប្បុរសជនជួយឧបត្ថម្ភគ្រឿងបំពាក់ផ្សេងៗនៅក្នុងស្នាក់ការ និងការធ្វើរបងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបសាងសង់រួច ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ៕
ដោយ ស៊ុម វណ្ណា





