កិច្ចប្រជុំឆ្លងរបាយការណ៍ខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- នៅទីស្ដីការក្រសួងការពារជាតិបានធ្វើការប្រជុំឆ្លងរបាយការណ៍បូកសរុបការងារខែសីហា និងលើកទិសដៅសម្រាប់អនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នជំនាញចំណុះឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងរបាយការណ៍បូកសរុបការងារបានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តរីកចម្រើនថ្មីៗ ក្នុងខែសីហាកន្លងមកដែលខ.ភ.ម យើងបានចូលរួមបំពេញភារកិច្ចសហការការពារ ជាមួយស្ថាប័ននានា ក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យជាតិរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែក៏បានលើកឡើងពីលទ្ធផលការងារនៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ មានសភាពការណ៍ព្រំដែន សភាពការណ៍សំខាន់ៗរួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ សភាពការណ៍សន្ដិសុខ ល្បាតការពារសន្តិសុខសុវត្តិភាពថ្វាយជូនព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សភាពការណ៍កងយោធពលខេមរភូមិន្ទ លទ្ធផលនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ការងារនីតិកម្ម និងកសាងលិខិតបទដ្ឋាន ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសម្រេចបាននៅក្នុងរយៈពេល១ខែសីហាកន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន តាមយុទ្ធសាស្រ្ដបព្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

នៅក្នុងខែសីហា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទបានបន្តពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ បន្ទាប់ពីមានបទឈប់បាញ់គ្នា ដែលផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមការសម្របសម្រួល របស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន និងភាគីចិនផងដែរ។ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ ទៅវិញទៅមក រវាងប្រទេសជិតខាង។ ខ.ភ.មបានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។

បណ្តាសា្ថប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់រៀបចំផែនការ សកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានា ភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារបច្ចេកទេស កែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាព គ្រឿងបំពាក់ ការងារសុខាភិបាល បានលើកកម្ពស់សុខមាលភាព។ បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗក្នុងកងទ័ព បានគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ការងារកសាង និងដំណើរការ វិមានឈ្នះឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ៕
ដោយ សំ សាម៉ន





