ADB ផ្ដល់កម្ចី ៥០ លានដុល្លារ ដើម្បីគាំទ្រការផ្តល់សេវាសាធារណៈ ដោយសមធម៌ និងភាពធន់នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥--ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តអនុកម្មវិធីជំហានទី១ចំនួន ៥០ លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។

បើតាម ADB អនុកម្មវិធីជំហានដំបូងនៃកម្មវិធីពង្រឹងអភិបាលកិច្ចដើម្បីការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងនេះ ជាការគាំទ្របន្តរបស់ ADB ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី ៤ ដើម្បីបង្កើនគណនេយ្យភាពនៃការអនុវត្ត។ កម្មវិធីនេះ បានជួយកំណែទម្រង់បង្កើនប្រសិទ្ធភាពនៃស្ថាប័នសាធារណៈដែលទទួលខុសត្រូវលើការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ បង្កើតលំហសារពើពន្ធដើម្បីបង្កើនបរិមាណ និងគុណភាពនៃសេវាសាធារណៈ។ ការកែលម្អអភិបាលកិច្ចវិនិយោគសាធារណៈក៏ជួយជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយៈក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP) ដែលរឹងមាំជាងមុន និងប្រព័ន្ធលទ្ធកម្មដែលមានតម្លាភាពជាងមុន។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា កម្មវិធីនេះគឺជាកត្តាជំរុញការផ្លាស់ប្តូរអភិវឌ្ឍន៍ រចនាឡើងដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈយន្តការសំខាន់បីគឺ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចំណូលនិងចំណាយ ការពន្លឿនកំណើនតាមរយៈការវិនិយោគសាធារណៈដែលមានភាពធន់ និងការកែលម្អប្រព័ន្ធសម្រាប់ការគ្រប់គ្រងការអនុវត្តដែលនឹងកែលម្អជីវិតរស់នៅ តាមរយៈសេវាសាធារណៈកាន់តែប្រសើរ។ លោកស្រីបានគូសបញ្ជាក់ថា៖ «កំណែទម្រង់នេះត្រូវបានរំពឹងថានឹងបង្កើតចំណូលបន្ថែមប្រមាណជាង ២ ពាន់លានដុល្លារអាម៉េរិក និង ប្រសិទ្ធភាពនៃការសន្សំសំចៃ ប្រមាណ ៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨។ សហគមន៍ទូទាំងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីការងារនេះដែរសម្រាប់ឆ្នាំខាងមុខៗ»។
សូមជម្រាបជូនថា វិធីសាស្រ្តនៃអនុកម្មវិធីជំហានទី១នេះជួយរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយក្នុងផ្នែកនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាលំដាប់លំដោយ និងដែលមានការសម្របសម្រួលច្បាស់លាស់ ស្របតាមរបៀបវារៈកំណែទម្រង់ជាតិ។ តាមរយៈវិធីសាស្រ្តនេះ រាជរដ្ឋាភិបាលអាចរៀបចំកំណែទម្រង់យ៉ាងពេញលេញ ដោយធ្វើឱ្យប្រាកដថា ការងារនេះមាននិរន្តរភាព និងសមាហរណកម្មគ្រប់ជ្រុងជ្រោយទៅក្នុងប្រព័ន្ធរបស់ខ្លួន៕
ដោយ៖ រិទ្ធី ប្រភព៖ ADB





