អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរា គ្រួសារកងទ័ព និងគ្រួសារងាយរងហានិភ័យ
AKP កំពង់ធំ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរា គ្រូសារកងទ័ព និងគ្រួសារងាយរងហានិភ័យ ក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារចាស់ជរា គ្រួសារកងទ័ព និងងាយរងហានិភ័យនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេសអ្នកស្រុកស្ទោងដែលលោកតែងតែជួបជុំសំណេះសំណាលជាញឹកញយរយៈពេលកន្លងមក។

លោកបន្តថាការយកចិត្តទុកដាក់ដល់គ្រួសារចាស់ជរា គ្រួសារកងទ័ព និងងាយរងហានិភ័យគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគិតគូរដល់សុខទុក្ខសុខុមាលភាពគ្រប់ក្រុមគ្រួសារទាំងអស់ហើយមិនត្រូវបានមើលរំលងឬអាជ្ញាធរ ពុំបានដឹងថាក្រុមគ្រួសារណាមួយឬមាននរណាម្នាក់ត្រូវបានដាច់ពោះស្លាប់ដោយគ្មានអាហារបរិភោគនោះឡើយ។

លោកអភិបាលស្រុកបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពទូទៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃនិងជនភៀសសឹកដែលបានភៀសខ្លួនពីសង្គ្រាមឈ្លានពានទាំងកំរោលរបស់ចោរសៀម។

សូមបញ្ជាក់ថាក្នុងឱកាសនោះ សាយ គឹមឡម បានប្រគល់ជូនដល់គ្រួសារចាស់ជរា គ្រួសារកងទ័ពនិងងាយរកហានិភ័យចំនួន៩គ្រួសារដែលក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ និងមីផងដែរ៕
ដោយ ស៊ុម វណ្ណា





