ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យវឌ្ឍនភាពមណ្ឌលសុខភាពអូរតាសេក និងមណ្ឌលសុខភាពស្ទឹងហាវ ស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យវឌ្ឍនភាពមណ្ឌលសុខភាពអូរតាសេក និងមណ្ឌលសុខភាពស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទទី០១ ខែកញ្ញា ឆ្នាំ២០២៥។ មណ្ឌលសុខភាពអូរតាសេកមានក្រុមគ្រូពេទ្យសរុបចំនួន៧នាក់ ស្រី៥នាក់ និងមណ្ឌលសុខភាពស្ទឹងហាវមានបុគ្គលិកសរុបចំនួន១០នាក់ ស្រី៦នាក់។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាល ព្រមទាំងបានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ ព្រោះប្រជាពលរដ្ឋពួកគាត់ពឹងផ្អែកលើក្រុមគ្រូពេទ្យរបស់យើង ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តរបស់ក្រុមគ្រូពេទ្យរបស់យើងដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈបានល្អប្រសើរក្នុងការបម្រើសេវាសាធារណៈ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ជាពិសេសមណ្ឌលសុខភាពស្ទឹងហាវ ដែលបាន និងកំពុងធ្វើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារនៅក្នុងមណ្ឌលសុខភាព កាន់តែមានសោភ័ណភាព អនាម័យ បរិស្ថានកាន់ តែល្អ ជាពិសេសនៅពេលមណ្ឌលសុខភាពយើងមានអនាម័យ សោភ័ណភាពល្អ ប្រជាពលរដ្ឋប្រាកដជាមកទទួលសេវាសុខាភិបាលកាន់តែច្រើនជាក់ជាមិនខាន។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវមានបុគ្គលិកប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅពេលប្រជាពលរដ្ឋ មកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងបានឧបត្ថមថវិកាជូនអ្នកជំងឺ និងមណ្ឌលសុខភាពអូរតាសេកចំនួន១លានរៀលផងដែរ៕


ដោយ ងូ សុមុនី





