ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ «ភាពរឹងមាំក្នុងការបំពេញតួនាទីរបស់មន្រ្តីសុខាភិបាលធ្វើឱ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក»
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ភាពរឹងមាំក្នុងការបំពេញតួនាទីរបស់មន្រ្តីសុខាភិបាល ធ្វើឱ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងពីសារៈសំខាន់ និងខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជូនថ្នាក់ដឹកនាំគ្រប់ផ្នែក និងគ្រប់កម្រិតទាំងអស់យកទៅអនុវត្តការងារ ដោយការច្នៃប្រឌិតបន្ថែម ដើម្បីសម្រេចបានជាលទ្ធផលល្អប្រសើរ និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យបានលើកឡើងពីសកម្មភាពការងាររបស់មន្រ្តីសុខាភិបាល នៅតាមព្រំដែន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងស្នើសុំថ្នាក់ដឹកនាំទទួលបន្ទុក មន្ទីរពេទ្យជាតិ បន្តការគាំទ្រ និងបានបញ្ជាក់ដល់ថ្នាក់ដឹកនាំគ្រប់កម្រិតទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តពង្រឹងការបម្រើសេវា និងការគ្រប់គ្រង នៅតាមមន្ទីរពេទ្យបង្អែកស្រុក ឱ្យកាន់តែល្អប្រសើជាងនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុក ពង្រឹងការយកចិត្តទុកដាក់លើកិច្ចការងារជំងឺមិនឆ្លង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹង អំពីការថែទាំសុខភាពដែលជាកត្តាសំខាន់ជាងគេ និងណែនាំដល់មន្ទីរពេទ្យជាតិ រៀបចំវគ្គបណ្តុះបណ្តាលបន្តឱ្យបានញឹកញាប់ ដែលអាចជួយបង្កើននូវចំណេះជំនាញ ពិសេសការយល់ដឹងអំពីស្ថានភាពនៃការវិវត្តន៍ នៃផ្នែកវេជ្ជសាស្រ្ត ជូនដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តឱ្យថ្នាក់ដឹកនាំពង្រឹងការងារមួយចំនួនដូចជា៖ សុខភាពបន្តពូជ និងសុខភាពយុវវ័យ សុខភាពជនគ្មានទីពឹង សុខភាពផ្លូវចិត្ត និងសុខភាពភ្នែក៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





