គ្រួសារជនរងគ្រោះដោយអគ្គិភ័យ២គ្រួសារនៅស្រុកព្រៃឈរ និងស្រុកកំពង់សៀម ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- គ្រួសារជនរងគ្រោះដោយអគ្គិភ័យ២គ្រួសារ ក្នុងនោះស្រុកព្រៃឈរ១គ្រួសារ និងស្រុកកំពង់សៀម១គ្រួសារ ទទួលបានអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈឯកឧត្តមឯកឧត្តម ទូច ឆៃ នាយកសាខា តំណាងឱ្យឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ទូច ឆៃ ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការចូលរួមសោកស្តាយជាពន់ពេកជាមួយជនរងគ្រោះចំពោះការបាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិ ដោយ ឧប្បត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ និងបាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះគ្រួសាររងគ្រោះ ព្រមទាំងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានា ពិសេសអគ្គិភ័យនេះ។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលផ្ដល់ជូនគ្រួសាររងគ្រោះ ក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស តង់ធំ២ ឃីត២ (មុង ភួយ សារុង ក្រម៉ា) សម្ភារផ្ទះបាយ១សម្រាប់ និងថវិកាចំនួន១,០០០,០០០រៀល។ ជាមួយគ្នានោះដែរ សមាគមមនុស្សចាស់ឃុំមៀន ស្រុកព្រៃឈរ បានជួយឧបត្ថម្ភថវិកាចំនួន២០០,០០០រៀល និងអនុសាខាស្រុកកំពង់សៀម និងក្រុមកាកបាទក្រហមកម្ពុជាឃុំអូរស្វាយ ឧបត្ថម្ភអង្ករ៧៥គីឡូក្រាម មី២កេស សម្ភារផ្ទះបាយ១សម្រាប់ និងថវិកា២០០,០០០រៀលជូនគ្រួសាររងគ្រោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានអគ្គិភ័យ២ករណី២ផ្សេងគ្នា ដែលករណីទី១ស្ថិតនៅភូមិអូរសង្កែ ឃុំមៀន ស្រុកព្រៃឈរ លើម្ចាស់ផ្ទះ ឈ្មោះ ស៊ុន យឿង ភេទស្រី អាយុ ៦០ឆ្នាំ មានបន្ទុក៤នាក់ ដោយខូចខាតផ្ទះ១ខ្នង ទំហំ ៦ម × ៨ម ដែលមានជញ្ជាំងឈើ ប្រក់ក្បឿងនិង ករណីទី២ ម្ចាស់ផ្ទះ ឈ្មោះ ស្រន់ ផល្លី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលខូចខាតផ្ទះទាំងស្រុងទំហំ៥ម ×៦ម៕
ដោយ ឆាយ ម៉ុត





