រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦
AKP កណ្ដាល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បាន កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង ស្រុកនិងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំសហការគ្នាបានល្អ ក្នុងការរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ បានរួចរាល់ ទុកត្រៀមសម្រាប់ដាក់ជូនក្រុមប្រឹក្សាធ្វើការពិនិត្យនិងអនុម័តនាពេលខាងមុខ។

ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ។ កិច្ចប្រជុំនេះនឹងធ្វើឡើងម្ដងទៀត ដើម្បីលម្អិតឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ចំពោះរាល់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ត្រូវបន្តខិតខំគិតគូរនូវរាល់គម្រោងរបស់ខ្លួនដែលបានលើកឡើងឱ្យបានកាន់តែច្បាស់លាស់ថែមទៀត ត្រៀមលើកឡើងជាមតិយោបល់ នៅក្នុងកិច្ចប្រជុំពេលក្រោយទៀតករណីគម្រោងដែលស្នើឡើងមិនទទួលបានការគាំទ្រ ត្រូវបន្តស្នើឡើងនៅឆ្នាំក្រោយទៀត។

សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ខេត្តកណ្តាលមានចំនួន៨៣គម្រោង ក្នុងនោះស្រុកកណ្តាលស្ទឹង ៥គម្រោង ស្រុកកៀនស្វាយ ៥គម្រោង ស្រុកខ្សាច់កណ្តាល ៥គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ៣គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ១២គម្រោង ស្រុកស្អាង ៧គម្រោង ក្រុងតាខ្មៅ ១៨គម្រោង ក្រុងសំពៅពូន ៤គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្តមាន១គម្រោង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





