កិច្ចប្រជុំស្តីពីការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយកិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ខណៈដែលក្រសួងបានត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការរៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំនេះផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន ១. សូមក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់រហ័សតាមការគ្រោងទុក។ ២. សូមត្រៀមឱ្យរួចជាស្រេចនូវប្លង់អគារសិក្សាស្តង់ដាក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល។ ៣. រៀបចំការស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល។ ៤. ស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និងការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមសាលារៀនដែលរងប៉ះពាល់។ ៥. ក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទួលសុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន។ ៦. សូមរៀបចំរបាយការណ៍ស្តីពីស្ថានភាពសាលារៀនដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន និង៧. សូមរៀបចំផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តីណែនាំសម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។


ឯកឧត្តមបានជំរុញក្រុមការងារពាក់ព័ន្ធទាំងអស់បន្តអនុវត្តការងារនេះជាអាទិភាពទៅតាមជំនាញរៀងៗខ្លួនដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែននឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ ដោយក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពឱ្យអស់ពីលទ្ធភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





