ឃុំចំនួន៣ក្នុងស្រុកពួកត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង
AKP សៀមរាប ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាយើងទទួលរងនូវសម្ពាធទាប ដែលបានបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះ។ នៅក្នុងស្រុកពួករបស់លោកមានឃុំចំនួន៣នៅប៉ែកខាងលើបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង មានឃុំត្រីញ័រ ឃុំរើល និងឃុំកែវពណ៌។

លោកអភិបាលស្រុកបានឱ្យដឹងទៀតថា ឃុំទាំង៣ដែលទទួលរងការលិចលង់នោះបានបណ្តាលឱ្យប៉ះពាល់ភូមិចំនួន១៩ ផ្ទះប្រជាពលរដ្ឋ២៥៥គ្រួសារ មណ្ឌលសុខភាព២កន្លែង សាលារៀន២ខ្នង ស្នាក់ការបក្ស១កន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាល១កន្លែង វត្ត១កន្លែងទឹកលិចហូរកាត់ផ្លូវកៅស៊ូ២ខែ្ស ប្រវែង១១០ម៉ែត្រ និងផ្លូវលំ៣០ខ្សែ ប្រវែង១៥៨៣០ម៉ែត្រ និងលិចដំណាំស្រូវ១៧៦ហិកតា។

ក្នុងការចុះពិនិត្យជាក់ស្តែងស្ថានភាពជំនន់ទឹកភ្លៀងនោះ លោកអភិបាលស្រុកក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការពិនិត្យនូវផ្លូវចរន្តទឹកហូរដែលប្រជាពលរដ្ឋបានធ្វើការបិទ ឬក៏ដាក់លូមិនបានត្រឹមត្រូវ ដែលរង្វង់មុខកាត់របស់លូតូច ដែលធ្វើឱ្យចរន្តទឹកហូរមិនទាន់។ ហើយម៉្យាងទៀតនៅតាមប្រព័ន្ធប្រឡាយមួយចំនួនដែលបងប្អូនយើងបានបិទកាត់តាមប្រឡាយ ក៏ជាបញ្ហាដែលធ្វើឱ្យចរន្តទឹកហូរចុះទៅផ្នែកខាងក្រោមមិនទាន់ដែរ។

ចំណែកឯនៅក្នុងមណ្ឌលសុខភាពឯណោះវិញ លោកអភិបាលស្រុកក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងត្រូវធ្វើការទុកដាក់នូវសម្ភារបរិក្ខាពេទ្យឱ្យបានល្អ និងរាល់ឯកសារឱ្យបានត្រឹមត្រូវ ក្នុងពេលកំពុងលិចទឹកនេះ ព្រមទាំងសូមឱ្យគ្រូពេទ្យសហការជាមួយឃុំ-ភូមិ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីអនាម័យ សុខភាព ក្នុងពេលដែលជួបគ្រោះមហន្តរាយនូវជំនន់ទឹកភ្លៀងនេះ៕
ដោយ ហង្ស សៀក





