ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំគណៈប្រតិភូ អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំខេត្ត ជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនចំនួន៧២៨គ្រួសារ ក្នុងក្រុង និងស្រុកទាំង៩ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុងនិងស្រុក និងក្រុមគ្រួសារកងទ័ពជាច្រើនទៀត។

នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរពីសុខទុក្ខគ្រួសារកងទ័ពដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា នៅក្នុងពេលវេលាដ៏លំបាកនេះមានតែកម្លាំងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ និងជឿជាក់លើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសន្តិភាពធានាឱ្យបានបូរណៈភាពទឹកដី និងកងកម្លាំងជួរមុខបន្តអត់ធ្មត់ឱ្យបានខ្ពស់បំផុតក្នុងការប្រឈមមុខជាមួយ និងចោរឈ្លានពានសៀម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវខ្ពស់ទៅលើសមរភូមិយោធា សមរភូមិការទូត ដើម្បីការពារអធិបតេយ្យភាពទឹកដី។ លើសពីនេះបន្ថែមទៀត ក៏មានការខិតខំគ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើសមរភូមិសាធារណមតិផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋសូមឱ្យបន្តតាមដានដោយយកចិត្តទុកដាក់នៃការវិវត្តកិច្ចការងារ និងស្ថានការណ៍ជំលោះនៅតាមព្រំដែនកម្ពុជា ថៃ ដោយសូមឱ្យមានការយោគយល់ និងអត់ធ្មត់ចូលរួមជាមួយគ្នា បន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសត្រូវមានជំនឿចិត្តទៅលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ កម្លាំង និងសំឡេងនៃស្មារតីជាតិគាំទ្ររាជរដ្ឋាភិបាល គឺជាថាមពលធំមួយជូនដល់រាជរដ្ឋាភិបាល ដើម្បីផ្តោតអារម្មណ៍ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ សំឡេងនៃខឿនការពារជាតិរបស់ប្រជាជនរបស់យើង ត្រូវតែគាំទ្រដល់រាជរដ្ឋាភិបាល ហើយចូលរួមដោយអត់ធ្មត់ និងជឿជាក់លើការដោះស្រាយដោយសន្តិវិធី៕
ដោយ លឹម សាន្ត





