ឯកឧត្តម ឃឹម ហ្វីណង់ ចុះផ្សព្វផ្សាយសហគមន៍កសិកម្មទំនើបជូនកសិករ១៥០គ្រួសារដែលមានដីស្រែរាប់ពាន់ហិកតានៅឃុំតាំងក្រសាំង ស្រុកសន្ទុក
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តចុះផ្សព្វផ្សាយ និងបកស្រាយពន្យល់លម្អិតពីសហគមន៍កសិកម្មទំនើបជូនដល់ពុកម៉ែបងប្អូនកសិករប្រមាណ១៥០គ្រួសារ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា បងប្អូនកសិករយើងរឹតតែច្រើនចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប និងបានសំណូមពរឱ្យក្រុមការងារចុះទៅផ្សព្វផ្សាយ ប៉ុន្តែដើម្បីអាចបំពេញការងារនេះឱ្យបានលឿននិងមានប្រសិទ្ធភាព មន្ត្រីកសិកម្មឃុំរបស់យើងនឹងធ្វើការសម្របសម្រួលប្រមូលគ្នាឱ្យបានច្រើនជាមុនសិន មុននឹងរៀបចំកម្មវិធីជួបជុំគ្នា។


ទន្ទឹមនឹងនេះ ឯកឧត្តមបានបង្ហាញក្ដីសង្ឃឹមថា យើងនឹងអាចមានសហគមន៍កសិកម្មទំនើបថ្មីមួយទៀតសម្រាប់ដំណាំស្រូវនៅក្នុងខេត្តកំពង់ធំ ក្នុងរដូវកាលខាងមុខនេះ។ កសិករជាច្រើនទៀតនៅក្នុងស្រុកស្រុកសន្ទុក ដែលមានដីស្រែរាប់ពាន់ហិកតា នឹងចាប់អារម្មណ៍ស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនេះឡើង៕
ដោយ ណយ នឿន





