សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ទី០២ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ណយបៃ ទីក្រុងហាណូយ របស់ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុតពីសំណាក់ ឯកឧត្តម Bui Thanh Son សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម Ngyuen Manh Cuong សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីការបរទេស លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងមន្ត្រីទូតកម្ពុជាប្រចាំវៀតណាមជាច្រើនរូបទៀត។
ក្នុងខណៈបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមនេះដែរ ម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី។ ជាមួយនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀត ដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។

នេះជាទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាង់ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់និវត្តន៍មកកាន់កម្ពុជាវិញ នារសៀលថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៥៕

ដោយ៖ ជឹម ណារី





