និស្សិតមហាវិទ្យាល័យជលផលចុះសិក្សាស្រាវជ្រាវការចិញ្ចឹមក្ដាមថ្មរបស់វារីវប្បករនៅក្នុងខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥-- និស្សិតមហាវិទ្យាល័យជលផល និងវារីវប្បកម្ម ចុះសិក្សាស្រាវជ្រាវអំពីដំណើរការក្នុងការចិញ្ចឹមក្ដាមថ្មរបស់វារីវប្បករនៅក្នុងខេត្តព្រះសីហនុ សម្រាប់សារណាបទបំពេញលក្ខខណ្ឌការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តជលផលរបស់ខ្លួននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ នេះបើតាមការឱ្យដឹងពី មហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ការសិក្សានេះនឹងពិពណ៌នាអំពីប្រព័ន្ធ និងដំណើរការនៃការចិញ្ចឹមក្ដាមថ្មរបស់វារីវប្បករនៅខេត្តព្រះសីហនុ កំណត់យកវិធីសាស្រ្តចិញ្ចឹមដែលល្អ និងបញ្ហាប្រឈមទាក់ទងនឹងការចិញ្ចឹមក្ដាមថ្ម និងស្នើកិច្ចការស្រាវជ្រាវ និងការអនុវត្តដែលចាំបាច់សម្រាប់ការចិញ្ចឹមក្ដាមឱ្យសមស្របតាមបច្ចេកទេស ដែលអាចទទួលបានទិន្នផលប្រសើរជាងបច្ចុប្បន្ន នៅខេត្តព្រះសីហនុ។ ការសិក្សានេះត្រូវបានគាំទ្រដោយគម្រោង EU CapFish Capture តាមរយៈអង្គការ FAO សហការណ៍ជាមួយរដ្ឋបាលជលផល។

មហាវិទ្យាល័យជលផល និងវារីវប្បកម្ម សូមអរគុណផងដែរដល់ខណ្ឌរដ្ឋបាលជលផល វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានជួយសម្របសម្រួល សហការ និងគាំទ្រដល់និស្សិត និងក្រុមអ្នកស្រាវជ្រាវពីមហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម៕

ដោយ ណយ នឿន (ប្រភព៖ មហាវិទ្យាល័យជលផល និងវារីវប្បកម្ម)





