អ្នកប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិតជំនាន់ថ្មីនៅក្នុងប្រទេសចិនកើន 17% នៃចំនួនប្រជាជនសរុប
AKP ប៉េងកាំង ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥– ចំនួនអ្នកប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ជំនាន់ថ្មីនៅក្នុងប្រទេសចិន បានកើនឡើងដល់ 249 លាននាក់ ស្មើនឹង 17.7% នៃចំនួនប្រជាជនសរុប គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ខណៈពលរដ្ឋដែលកំពុងប្រើប្រាស់អ៊ីនធឺណិតបានឈានដល់ជិត 80% នៃប្រជាជនសរុប។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលសមត្ថភាពសារព័ត៌មានសម្រាប់កម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយយោងតាម "របាយការណ៍ស្ថិតិស្តីពីការអភិវឌ្ឍន៍អ៊ុនធឺណិតរបស់ប្រទេសចិន" លើកទី 56 ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ុនធឺ ណិតចិន (CNNIC) ក្នុងខែកក្កដា ឆ្នាំ 2025 បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយនៅចុងខែធ្នូ ឆ្នាំ 2012 ចំនួនអ្នក ប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសចិនមានចំនួន 564 លាននាក់ ហើយអត្រាការប្រើប្រាស់អ៊ីនធឺណិតគឺ 42.1% ។

នៅចុងខែមិថុនាឆ្នាំ 2025 ចំនួនអ្នក ប្រើប្រាស់អ៊ីនធឺណែតនៅក្នុងប្រទេសចិនបានកើនឡើងដល់ 1.123 ពាន់ លាននាក់ កើនឡើង 14.36 លាននាក់ធៀបនឹងដំណាច់ឆ្នាំ 2024 ហើយអត្រា ការប្រើប្រាស់អ៊ីនធឺណិតឈានដល់ 79.7% ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយចល័ត និងវេទិកាអនឡាញ ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី កំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹង ចំនួនអ្នកអាន និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យពួកគេទទួលយកការអភិវឌ្ឍន៍រួមបញ្ចូលគ្នា។

ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសចិន កំពុងបង្កើតថ្មីឥតឈប់ឈរនូវប្រព័ន្ធគ្រប់គ្រង របស់ពួកគេ ដោយប្រើប្រាស់ទិន្នន័យធំ ដើម្បីបង្កើតវិធីសាស្ត្រផលិតព័ត៌មាន ការប្រើប្រាស់ បច្ចេកវិទ្យាអ៊ីនធឺណិតដើម្បីពង្រីកការគ្របដណ្តប់ព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យា 4G និង 5G ដើម្បីអភិវឌ្ឍសំឡេង និងវីដេអូអនឡាញ និងការពង្រីកបណ្តាញទំនាក់ទំនងសង្គមតាម រយៈវេទិកាដូចជា Weibo និង WeChat ជាដើម។

ទន្ទឹមនឹងការរីកចម្រើននេះ កម្មវិធីបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ដោយនៅចុងខែធ្នូ ឆ្នាំ 2024 ប្រជាជន 331 លាននាក់នៅក្នុងប្រទេសចិន បានឮអំពីផលិតផល AI ដែលស្មើនឹង 23.5% នៃចំនួនប្រជាជនសរុប។

ក្រឡេកទៅមើលការប្រើប្រាស់តាមក្រុមអាយុ អ្នកនិយមលេងអ៊ីនធឺណិតដែលមានអាយុពី 20-29 ឆ្នាំមានអត្រាខ្ពស់បំផុតនៃការប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិតផលិតឡើងដល់ 41.5% បន្ទាប់មកអ្នកនិយមលេងអ៊ុនធឺណិតដែលមានអាយុពី 30-39 ឆ្នាំ 23.9% និងអ្នកនិយមលេងអ៊ីនធឺណិតដែលមានអាយុពី 6-19 ឆ្នាំ 21.1% ។

នៅដំណាច់ខែធ្នូ ឆ្នាំ 2024 កម្មវិធីបញ្ញាសិប្បនិម្មិតទូទៅចំនួន 302 នៅក្នុងប្រទេសចិន ត្រូវបានចុះបញ្ជីជាមួយអាជ្ញាធរ រួមទាំងការចុះឈ្មោះថ្មីចំនួន 238 ក្នុងឆ្នាំ 2024។
គិតត្រឹមខែធ្នូ ចំនួនអ្នកប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ជំនាន់ថ្មីនៅក្នុងប្រទេសចិន បានកើនឡើងដល់ 249 លាននាក់ ស្មើនឹង 17.7% នៃចំនួនប្រជាជនសរុប៕
ដោយ៖ ចរិយា





