កម្ពុជា បន្តអំពាវនាវជាថ្មីដល់ភាគីថៃគោរពការអនុវត្តន៍បទឈប់បាញ់ និងគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥--
ជាថ្មីម្ដងទៀតកម្ពុជាបានបន្តអំពាវនាវដល់ភាគីថៃឱ្យគោរពបទឈប់បាញ់និងគោរពតាមច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែន នៃប្រទេសទាំងពីរដែលបានអូសបន្លាយរយៈពេលជាមួយខែមកនេះ។ នេះបើតាមការលើកឡើងរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្តិសីទសារព័ត៌មាននារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នៅទីស្តីកាគណៈរដ្ឋមន្ត្រី។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាបន្តអំពាវនាវជាថ្មីម្តងទៀតដល់ភាគីថៃ ត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនកម្ពុជា -ថៃ ដែលបានឯកភាពគ្នានៅ ប្រទេសម៉ាឡេស៊ី ដោយមានការសាទរពីសហគមន៍អន្តរជាតិយ៉ាងច្រើន ។ ទន្ទឹមនេះ ភាគីថៃ ក៏ត្រូវគោរពការដោះស្រាយបញ្ហាព្រំដែននេះតាមច្បាប់អន្តរជាតិផងដែរ ព្រោះថាកម្ពុជាគោរពយកគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។

លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ទៀតថា កម្ពុជានៅតែប្រកាន់ភ្ជាប់ក្នុងស្មារតីដែលបានឯកភាពគ្នានៅកិច្ចព្រមព្រៀងគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ដែល ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកក្នុងការរក្សាសន្តិភាពនៅតាមតំបន់ព្រំដែន ដោយប្រើយន្តការផ្សេងៗក្នុងការដោះស្រាយបញ្ហាព្រំដែនចៀសវាងការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ។
ជាមួយគ្នានោះដែរលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបន្តអះអាងថា កម្ពុជានៅតែបន្តអំពាវនាវដល់ពភាគីថៃធ្វើការដោះលែងទាហានកម្ពុជាចំនួន ១៨រូបដែលបានចាប់ខ្លួនក្រោយពីបទឈប់បាញ់កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងមក ឱ្យកម្ពុជាវិញឱ្យបានឆាប់រហ័សដើម្បីពួកគេបានជួបជុំក្រុមគ្រួសារដែលកំពុងតែទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





