សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងឯកឧត្តម លោកជំទាវ ជាពុទ្ធបរិស័ទជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល នារសៀលថ្ងៃអាទិត្យ ៨កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សូមរម្លឹកជូនថា សម្ដេចចៅហ្វាវាំង គង់ សំអុល កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៣១ នៅភូមិព្រៃព្រីង ដែលកាលនោះស្ថិតនៅក្នុងឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល។ សម្ដេចជាកូនទី៣ ដែលជាកូនប្រុសទោលតែមួយគត់ ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារដែលមានឪពុកនាម គង់ ហិន ជាមន្ត្រីបម្រើការនៅរាជាយស្ម័យយាន និងមានម្ដាយនាម សួស កាន ជាកសិករ។ សម្តេច បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។ សម្ដេចចៅហ្វាវាំង គង់ សំអុល បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ហើយចំណងដៃអាពាហ៍ពិពាហ៍របស់សម្ដេច បានបន្សល់ទុកនូវបុត្រាបុត្រីចំនួន៣រូប រួមមាន ១.ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ២.ឯកឧត្តម វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង៣.លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។ ក្រៅពីមុខតំណែងដែលទទួលបាន ទាំងក្នុងស្ថាប័ន នីតិប្រតិបត្តិ ,នីតិប្បញ្ញត្តិនិងស្ថាប័ន ព្រះមហាក្សត្រនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្ជាប់ខ្ជួន ដែលសម្ដេច បានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា។


បន្ទាប់ពីស្តាប់ព្រះធម៌ទេសនាសម្តែងដោយសម្តេចព្រះពោធិវង្សកិត្តិបណ្ដិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ជាបុត្រា បុត្រី និង ក្រុមគ្រួសារ បានថ្វាយ ប្រគេន ទេយ្យវត្ថុ គ្រឿង អត្ថបរិក្ខា ចំពោះ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះមហាថេរ និងព្រះរាជាគណៈគ្រប់ព្រះអង្គ ប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត៕
ដោយ៖ ជឹម ណារី





