ឯកឧត្តមលី ធុជ៖ ម៉ាឡេស៊ីគឺជាប្រទេសមួយដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជាដើម្បីបញ្ចប់ការវិលត្រឡប់មកវិញរបស់របបខ្មែរក្រហម និងការបញ្ជូនកងកម្លាំងរបស់ខ្លួននៅឆ្នាំ១៩៩៣ ក្នុងការរួមចំណែកដល់បេសកម្មសម័យUNTAC ផងដែរ។ ឯកឧត្ដមបានបញ្ជាក់បែបនេះខណៈឯកឧត្ដម អញ្ជើញចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យជាតិម៉ាឡេស៊ីនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចូលរួមអបអរសាទរជាមួយប្រទេស និងប្រជាជនម៉ាឡេស៊ី ក្នុងឱកាសប្រារព្ធខួបលើកទី៦៨នៃទិវាបុណ្យជាតិ និងសូមជូនពរឱ្យប្រទេស និងប្រជាជនម៉ាឡេស៊ី ទទួលបាននូវវឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍ។


ឯកឧត្ដមក៏បានអរគុណចំពោះទំនាក់ទំនង និងមិត្តភាពជាប្រវត្តិសាស្ត្រ ជាបងប្អូនល្អរវាង ប្រទេស និងប្រជាជននៃកម្ពុជា-ម៉ាឡេស៊ី ជាពិសេសបានបន្តភាពជាដៃគូយ៉ាងរឹងមាំ និងកាន់តែជិតស្និទ្ធ បន្ទាប់ពីប្រទេសទាំងពីរបានកសាងទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេល៦៨ឆ្នាំ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ ក្រោយបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ប្រទេសម៉ាឡេស៊ី បានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមកធ្វើការវិនិយោគ និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានទទួលស្គាល់ការគាំទ្រ និងភាពជាដៃគូ ក្នុងការរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន និងអង្គការ សង្គមស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងប្រទេសចិន។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានសម្របសម្រួល និងចូលរួមដឹកនាំក្នុងការកសាង ភ្ជាប់ទំនាក់ទំនងការទូត មិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ម៉ាឡេស៊ី។


ឯកឧត្ដម លី ធុជ ក៏បានអរគុណដល់អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់រវាងកម្ពុជា -ថៃ៕
ដោយ សួស សំរិត





