ឯកឧត្តម ប៉ែន បូណា ចង់ឱ្យជនរួមជាតិគ្រប់រូបយល់អំពីសារៈសំខាន់នៃការងារការទូត
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥–ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ថ្មីៗនេះលិខិតរបស់ឯកឧត្តម ដូណាល់ ជេត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្ញើ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានហៅសម្តេចថាជាមេដឹកនាំឆ្នើមមួយរូបដែលផ្តល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និងស្រឡាញ់សន្តិភាព និងបានគូសរំលេចអំពីមោទនភាពរបស់ឯកឧត្តមដែលបានក្លាយជាចំណែកនៃការបង្កើតកិច្ចព្រមព្រៀងឈប់បាញ់ ហើយ ឥឡូវនេះយើងបានឮពីប្រធានាធិបតីចិន ឯកឧត្តម ស៊ីជិន ពីង ដែលអះអាងពីការគាំទ្រចំពោះបទឈប់បាញ់ ហើយចង់ឃើញយន្តការសង្កេតការណ៍អាស៊ានបង្កើតឱ្យបានឆាប់ ដែលនេះគឺវាស្របទៅនឹងការចង់បានរបស់កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ខាងលើនេះគឺជាចំណុចសំខាន់បំផុត ដែលឯកឧត្តមចង់ឱ្យជន រួមជាតិគ្រប់រូបយល់អំពីសារៈសំខាន់នៃការងារការទូត ជាពិសេសយល់ពីទឹកចិត្តរបស់ថ្នាក់ដឹកនាំយើង ដែលខិតខំអត់ធ្មត់កុំឱ្យផ្ទុះអាវុធដោយផ្តោតការងារសំខាន់ទៅលើការទូត ដើម្បីការពារអធិបតេយ្យភាព ជាតិ បូរណភាពទឹកដីផង និងរក្សាសុខសន្តិភាពផង ដែលសូមបងប្អូនរបស់យើងចាប់អារម្មណ៍ត្រង់ចំណុចនេះឱ្យមែនទែន ហើយត្រូវស្រាក់ដៃគ្នាគាំទ្រជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបន្តចូលរួម បន្សាបក្រុមជ្រុលនិយមមួយក្តាប់តូច ដែលញុះញង់ក្នុងចេតនាអាក្រក់ដើម្បីបំផ្លាញកម្លាំងសាមគ្គីជាតិដ៏ រឹងមាំរបស់យើង៕

ដោយ៖ ចាន់ សុភឿន





