អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញសួរសុខទុក្ខវីរកងទ័ព៣រូប នៅមន្ទីរពេទ្យស្រុកមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពចំនួន៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរីនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាពរបស់កងទ័ពដែលបានលះបង់ដើម្បីជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ព ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនជាតិមាតុភូមិ។ ដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយព្យាបាល ឯកឧត្តម អ៊ុ រាត្រី បានផ្តល់អំណោយជាសម្ភារនិងថវិកាដល់កងទ័ពម្នាក់ៗ។ ការឧបត្ថម្ភនេះ គឺជាការបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ដែលតែងតែគិតគូរពីសុខទុក្ខរបស់កងទ័ពជានិច្ច។


ក្រៅពីនេះ ឯកឧត្តមក៏បានថ្លែងការកោតសរសើរដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មង្គលបូរី ដែលបានផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ។ ឯកឧត្តមក៏បានជូនពរឱ្យវីរកងទ័ពទាំងអស់ឆាប់ជាសះស្បើយ និងអាចវិលត្រឡប់ទៅបំពេញភារកិច្ចវិញបានក្នុងពេលឆាប់ៗ។
ដំណើរចុះសួរសុខទុក្ខរបស់ឯកឧត្តម អ៊ុ រាត្រី គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាការលះបង់របស់កងទ័ព ត្រូវបានថ្នាក់ដឹកនាំចាត់ទុកជាតម្លៃដ៏ខ្ពស់បំផុត និងតែងតែផ្តល់ការយកចិត្តទុកដាក់ជាអចិន្ត្រៃយ៍ចំពោះពួកគេ៕


ដោយ ឈុន សារ៉ាត





