ឧត្តមសេនីយ៍ទោ ហេង សុផល ប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋដែលមានខ្វះខាតនៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥-- លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង ដឹកនាំកងកម្លាំងចុះសួរសុខទុក្ខ និងប្រគល់អំណោយមួយចំនួន ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មកពីសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់ នៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនា កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
លោក ឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត លោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះ សំណាលសាកសួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូន។ លោកបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបានសុខសន្តិភាពយ៉ាងពេញលេញ និងមានរីកចម្រើន ជាបន្តបន្ទាប់គ្រប់វិស័យ គួរជាទីមោទនៈ។


លោក ឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមបន្តចូលរួមការពារសន្តិភាព ស្រឡាញ់សន្តិភាព គោរពអនុវត្តគោលការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបងប្អូនចូលរួមសហការ ជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច សំដៅបង្ការ ទប់ស្កាត់ លុបបំបាត់បទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋានធានា។ ថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ រស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត។ ព្រមទាំងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ សូមខិតខំប្រឹងប្រែងបង្ករបង្កើនផល តាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ បន្លែ ផ្លែឈើ ដើម្បីជួយផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរឡើង មួយកម្រិតទៀត។

លោក ឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ៅ នី និងលោកស្រី ជី ថន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីប្រគល់ជូនប្រជាពលរដ្ឋ នាឱកាសនេះ ស្របតាមតម្រូវការចាំបាច់ក្នុងការចំណាយដោះស្រាយជីវិតជាប្រចាំថ្ងៃ។


ទន្ទឹមនឹងនេះ លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានប្រគល់អំណោយ ជូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷ ១.អង្ករចំនួន២០គីឡូក្រាម ២.មីចំនួន០១កេស ៣.ឃីតចំនួន០១កញ្ចប់ និងថវិកាមួយចំនួន៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





