អ្នកនាំពាក្យក្រសួងការបរទេស៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកអំពាវនាវសហគមន៍អន្តរជាតិជួយជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជា១៨រូប ត្រឡប់មកវិញឱ្យបានឆាប់
AKP ភ្នំពេញ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥--
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានអំពាវានាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដល់ភាគីថៃក្នុងការដោះលែងកងទ័ពកម្ពុជាចំនួន១៨ រូប ដែលយោធាថៃចាប់ខ្លួនក្រោយកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចូលជាធរមាននាពេលកន្លងមក។ នេះបើតាមឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២៥។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយឧបការីរងសហរដ្ឋអាមេរិក ឯកឧត្តម គុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកក៏បានធ្វើការច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថាបានប្រើប្រាស់ប្រជាពលរដ្ឋស៊ីវិលជាខែលទៅធ្វើការរារាំងកងកម្លាំងថៃ និងថាកម្ពុជាដាក់មីនថ្មីផងដែរ។ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងជំនួបនោះដែរលោកឧបការីរងរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការស្វែងរកដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ សន្តិវិធី។ លោកឧបការីរងក៏បានបញ្ជាក់ផងដែរថា អាម៉េរិកជំរុញឱ្យភាគីទាំងពីរកម្ពុជា និងថៃបន្តកិច្ចសន្ទនាដោយស្មោះត្រង់ និងបង្កើតក្រុមអ្នកសង្កេតការណ៍របស់អាស៊ានឱ្យបានឆាប់ ដើម្បីតាមដាននិងត្រួតពិនិត្យបទឈប់បាញ់របស់កម្ពុជាថៃឲ្យមានប្រសិទ្ធភាព។
ក្នុងជំនួបនោះ លោកឧបការីរងសហរដ្ឋអាមេរិកបានបន្ថែមថា សហរដ្ឋអាមេរិកបង្ហាញសេចក្តីសង្ឃឹមថា នឹងគោរពបទឈប់បាញ់ព្រមទាំងមិនធ្វើឱ្យព្រំដែនទាំងពីរកើនឡើងកម្តៅ និងមានភាពតានតឹងឡើងវិញ។ លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានប្តេជ្ញាក្នុងការធ្វើពង្រឹងពង្រីកិច្ចសហប្រតិបត្តិការកម្ពុជា និងសហរដ្ឋអាមេរិកឱ្យយកាន់តែប្រសើរផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





