ឯកឧត្តម ថោ ជេដ្ឋា៖ អគារស្នាក់ការគណបក្សថ្មីនឹងជួយបង្កើនគុណភាពប្រសិទ្ធភាពការងារ និងផលប្រយោជន៍រួមរបស់អ្នកស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថា អគារស្នាក់ការគណបក្សថ្មីនឹងជួយបង្កើនគុណភាពប្រសិទ្ធភាពការងារ និងផលប្រយោជន៍រួមរបស់អ្នកស្ទោង។ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ដូចនេះនៅក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលចាស់ទុំមួយ និងជាគណបក្សដែលដឹកនាំប្រទេសប្រកបដោយសុខសន្តិភាពនិងមានការអភិវឌ្ឍ យើងទាំងអស់គ្នាត្រូវខិតខំធ្វើតែអំពើល្អ រួបរួមសាមគ្គីភាពផ្ទៃក្នុងគណបក្សគ្រប់មូលដ្ឋាន ដើម្បីធ្វើឱ្យគណបក្សកាន់តែរឹងមាំថែមទៀត និងអាចឈ្នះរាល់សមរភូមិបោះឆ្នោតដែលទទួលបានការគាំទ្រពីគ្រប់វណ្ណៈមហាជនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ឯកឧត្តមបានណែនាំដល់គ្រប់សាខា អនុសាខាគណបក្ស ក្នុងមូលដ្ឋានត្រូវខិតខំកសាងសមាជិកសមាជិកាគណបក្សរបស់ខ្លួនប្រកបដោយគុណភាព បរិមាណឱ្យបានជាប់ជាប្រចាំជាពិសេសឱ្យគ្រប់ផែនការ ហើយការីកុំព្យូទ័រត្រូវចុះបញ្ចូលក្នុងប្រព័ន្ធ server ឱ្យបានត្រឹមត្រូវ ច្បាស់លាស់និងធ្វើការ update បានជាប់ជាប្រចាំ។


ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបដល់ពុកម៉ែបងប្អូនបានជ្រាបនូវបច្ចុប្បន្នភាពបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ និងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវនាំគ្នាមានស្មារតីជាតិនិយមឱ្យបានខ្ពស់បំផុត ជាពិសេសត្រូវប្រឆាំងដាច់ខាតនូវសង្គ្រាមឈ្លានពានរបស់ថៃ មកលើព្រះរាជាណាចក្រកម្ពុជាហើយគាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រ និងការដោះស្រាយប្រកបដោយអហិង្សា សន្តិវិធីនិងឈរលើគោលការណ៍ច្បាប់អន្តរជាតិជាធរមាន ប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវនាំគ្នាសហការគ្នាខ្ពស់ជាមួយក្រុមការងារដើម្បីចូលរួមលើកកម្ពស់អភិវឌ្ឍស្រុកស្ទោង កាន់តែរីកចម្រើនថែមតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងបានអំពាវនាវដល់យុវជនត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាមូលធនមនុស្ស និងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សថ្មីនេះមានបណ្ដោយ១៤ម៉ែត្រ និងទទឹង៩ម៉ែត្រមានបន្ទប់ចំនួន៣៕
ដោយ ស៊ុម វណ្ណា





