ឯកឧត្តម ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រឃុំពាមជីលាំង ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃ២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងយោធាវរ:២២៤ ប្រចាំការគោលដៅទី៣ សហការជាមួយរដ្ឋបាលឃុំពាមជីលាំង សរុបចំនួន១៦នាក់ ចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ក្នុងដំណើរនេះ ក្រុមការងារបានរឹបអូសឧបករណ៍ល្មើសច្បាប់ និងរុះរើ បំផ្លាញចោលនៅនឹងកន្លែងរួមមាន លូស្បៃមុង ១៥មាត់ បង្គោលចម្រឹងចំនួន២២៥ដើម របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ ប្រគល់ជូនកងកម្លាំងទាហានវរៈ២២៤ ប្រើប្រាស់ករណីសម្រាប់ចាំបាច់ (ការពារលេណដ្ឋាន) ព្រមទាំងចាក់លែងកូនត្រីចម្រុះចូលក្នុងទន្លេវិញ។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមការងារ នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់បន្តទៀត៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





