ឯកឧត្តម គួច ចំរើន ចុះពិនិត្យថ្នាលបណ្តុះកូនឈើនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះកូនឈើនៅក្នុងថ្នាលបណ្តុះកូនឈើតាខ្មៅបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកូនឈើទាំងអស់នេះឱ្យបានលូតលាស់ល្អ សម្រាប់ទុកដាំលម្អក្នុងខេត្ត និងសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ធនធានធម្មជាតិផងដែរ។

ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម គួច ចំរើន បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ ព្រមទាំងមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ថ្នាលបណ្តុះកូនឈើ និងការបណ្តុះកូនឈើទាល នៅទីតាំងថ្នាលបណ្តុះកូនឈើតាខ្មៅ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជំរុញដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវបង្កើនការបណ្តុះកូនឈើចំរុះ ពិសេសកូនឈើទាល និងកូនឈើប្រណីតឱ្យបានកាន់តែច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ចូលរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗ ទុកសម្រាប់មនុស្សជំនាន់ក្រោយ ពិសេសជួយធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រង។

សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាលបានបណ្ដុះកូនឈើបានចំនួន១៦០ ៤៦៥ ដើម ក្នុងនោះកូនឈើទាលចំនួនមួយសែនដើម ឧបត្ថម្ភថវិកាដោយរដ្ឋបាលខេត្តកណ្ដាល។ បានបណ្តុះកូនឈើចំនួន ៦០ ៤៦៥ដើម ឧបត្ថម្ភដោយថវិកាជាតិ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល រួមមាន៖ គ្រញូង ៨ ៥០០ដើម បេង ៧២៦៥ដើម ធ្នង់ ៦ ០៥០ដើម កកោះ ៧ ០០០ដើម គគីរ ៣ ៥០០ដើម ឈើទាល ៦ ០០០ដើម គីនីន ៥ ០៧៥ដើម ត្របែកព្រៃ ២ ០០០ដើម មន ១ ៥០០ដើម ក្ងោក ៩ ០៧៥ដើម ច័ន្ទគីរី ៥០០ដើម និង កូនឈើហូបផ្លែខ្មែរមាន ទៀបស្វិត ចំនួន ៤ ០០០ដើម។

មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើបានផ្តល់កូនឈើជូនមន្ទីរអង្គភាព ក្រុងស្រុក និងប្រជាពលរដ្ឋទូទៅ បានចំនួន ១១ ៨៣៥ដើម រួមមាន៖ គ្រញូងចំនួន ១៧៧០ដើម បេងចំនួន ២ ៣៧៥ដើម ធ្នុងចំនួន ១៦៤៥ដើម កកោះចំនួន ១៤០០ដើម គីនីនចំនួន ១៩២៥ដើម ត្របែកព្រៃចំនួន ៤៦០ដើម ក្ងោកចំនួន ២០៥០ដើម និងកូនឈើហូបផ្លែ ចំនួន២១០ដើម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





