លោក សួគ៌ ប៊ុនធង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីទឹកស្អាត និងអនាម័យជនបទ
AKP កំពង់ធំ ថ្ងៃទី២៨ ខែសីហា ឆ្នា២០២៥-- លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោងអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីទឹកស្អាត និងអនាម័យជនបទ សាលប្រជុំស្រុកស្ទោង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
លោក សួគ៌ ប៊ុនធង បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានគោលការណ៍សំខាន់ៗ៣ រួមមាន៖ ១. ផ្ដល់ចំណេះដឹង និងបច្ចេកទេសស្តីពីទឹកស្អាត និងអនាម័យជនបទដល់អ្នកសម្របសម្រួលភូមិ និងក្រុមប្រឹក្សាឃុំដែលទទួលបន្ទុក។ ២. បណ្តុះសមត្ថភាពអ្នកចូលរួមឱ្យមានជំនាញក្នុងការរៀបចំផែនការ និងដោះស្រាយបញ្ហាដែលទាក់ទងនឹងទឹកស្អាត និងអនាម័យ និង៣. ជំរុញការយកចំណេះដឹងទៅអនុវត្តនៅមូលដ្ឋាន ដើម្បីជួយឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងមានអនាម័យល្អប្រសើរ។អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្ម ដោយសហការជាមួយគ្រូបង្រៀន និងអ្នកបង្រៀនបន្ថែមក្នុងការអនុវត្តបង្ហាញយោបល់ និងរៀបចំផែនការសកម្មភាពសម្រាប់ភូមិឃុំរបស់ខ្លួន។

លោកអភិបាលរងស្រុកស្ទោងបានបន្ថែមថា លទ្ធផលសំខាន់ៗដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមទាំងអស់បានយល់ដឹងច្បាស់លាស់អំពីគោលនយោបាយ និងគម្រោងអនាម័យជនបទ។ បង្កើតផែនការផ្ទាល់ខ្លួនសម្រាប់យកទៅអនុវត្តនៅភូមិឃុំ និងសហគមន៍។ បង្កើតចិត្តស្មោះត្រង់ និងកម្លាំងចិត្តរួមគ្នា ក្នុងការចូលរួមអភិវឌ្ឍសង្គម។ ពង្រឹងទំនាក់ទំនង និងសហការណ៍ល្អរវាងអ្នកសម្របសម្រួលភូមិ ក្រុមប្រឹក្សាឃុំ មន្ត្រីមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ។ លោកបានកោតសរសើរដល់អង្គភាពរៀបចំ និងគាំទ្របច្ចេកទេស ដែលបានចំណាយកម្លាំង ការយកចិត្តទុកដាក់ និងធនធានដើម្បីរៀបចំវគ្គនេះ។ គ្រូបង្រៀន និងបុគ្គលិកបច្ចេកទេស ដែលបានផ្ដល់ចំណេះដឹង និងចែករំលែកបទពិសោធន៍យ៉ាងលំអិត។ អ្នកចូលរួមទាំងអស់ ដែលបានបង្ហាញពីការចូលរួមយ៉ាងសកម្ម មានវិន័យ និងស្មារតីទទួលខុសត្រូវក្នុងការសិក្សា។


លោក សួគ៌ ប៊ុនធង បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យយកចំណេះដឹង បទពិសោធន៍ និងផែនការដែលបានរៀបចំក្នុងវគ្គនេះ ទៅអនុវត្តជាក់ស្តែងនៅក្នុងភូមិឃុំ និងសហគមន៍របស់ខ្លួន ដើម្បីជួយលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋឱ្យមានសុខភាពល្អ តាមរយៈការប្រើប្រាស់ទឹកស្អាត និងអនាម័យឱ្យប្រសើរឡើង៕
ដោយ ស៊ុម វណ្ណា





