បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វ័យចំណាស់ជាងគេ និង បេក្ខជនមានបញ្ហាសុខភាព៤នាក់នៅខេត្តបន្ទាយមានជ័យ បន្តសំណេរវិញ្ញាសា នៅរសៀលថ្ងៃនេះបន្តទៀត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២៥ -- បេក្ខជនដែលមានវ័យចំណាស់ជាងគេពោលគឺមានវ័យ ៦៤ឆ្នាំ គឺ លោក ឃឹម សាវ៉ាន់ ដែលមានតុលេខ ២៣០ បន្ទប់លេខ១០ នៅមណ្ឌលប្រឡងអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ទោះបីជាស្ថិតក្នុងវ័យចំណាស់ជាងគេ និងមានបញ្ហាភ្នែកក៏ដោយ ប៉ុន្តែលោកនៅតែមានការតស៊ូចូលរួមក្នុងការប្រឡងធម្មតាដូចបេក្ខជនដទៃទៀតដែរ។ ចំណែក ករណីបេក្ខជន ៤រូប នៅមណ្ឌលប្រឡងវិទ្យាល័យសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបញ្ហាសុខភាព ក៏បានមកបន្តប្រឡងនារសៀលថ្ងៃទី១ នៃការប្រឡងនេះផងដែរ ក្រោមការសម្របសម្រួល និងជួយពីគណៈមេប្រយោគ និងក្រុមគ្រូពេទ្រប្រចាំការ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា សម្រាប់រសៀលថ្ងៃទី១ នៃដំណើរការសំណេរមានវិញ្ញាសាគីមីវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្រ្ត) និងភូមិវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ដែលប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០រសៀល។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ មករា ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា





