ឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងភារធារីស្តីទីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកស្លាករំលឹកខួបលើកទី៧៥ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែសីហា ឆ្នា២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ Bridgette L Walke ភារធារីស្តីទីនៃស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកស្លាករំលឹកខួបលើកទី៧៥នៃការភ្ជាប់ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសរំលឹកដល់ការកសាងផ្លូវជាតិលេខ៤ នៅមុខមន្ទីរសង្គមកិច្ច ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥។



ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះមានរយ:ពេល៧៥ឆ្នាំ ដែលបានចូលរួមចំណែកក្នុងវិស័យសំខាន់ៗជាច្រើនរបស់កម្ពុជាមានដូចជា ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ ការអភិរក្ស និងការលើកតម្កើងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសរួមចំណែកការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយ:ភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការគាំទ្រលើប្រព័ន្ធអប់រំ និងកិច្ចខិតខំប្រឹងប្រែងដោះមីនជាដើម ដើម្បីផលប្រយោជន៍ពីគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយ ងូ សុមុនី





