កិច្ចប្រជុំពិភាក្សានិងពិគ្រោះយោបល់ស្តីពីការធានារ៉ាប់រងកសិកម្មនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នា២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ថា ឯកឧត្តម បានដឹកនាំកិច្ចប្រជុំពិភាក្សានិងពិគ្រោះយោបល់ស្តីពីការ «ធានារ៉ាប់រងកសិកម្មនៅកម្ពុជា»។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តការធានារ៉ាប់រងកសិកម្មក្នុងពេលកន្លងមក និងពង្រឹងការអភិវឌ្ឍវិស័យដ៏សំខាន់នេះ ដែលអាចបង្កើនភាពធន់របស់កសិករ តាមរយៈការកាត់បន្ថយហានិភ័យនានា ដែលតែងចោទជាបញ្ហាប្រឈមនៅក្នុងសកម្មភាពកសិកម្ម ជាពិសេសហានិភ័យនៃការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំនេះរៀបចំឡើងដោយគម្រោងPEARL និងមានការចូលរួមពីអ្នកពាក់ព័ន្ធ និងក្រុមអ្នកជំនាញមកពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ធនាគារអភិវឌ្ឍន៍ជនបទ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងហ្វតេ ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា អង្គការពលកម្មអន្តរជាតិ និងអង្គការស្បៀងពិភពលោក៕
ដោយ ណយ នឿន





