ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជំនួបជាមួយលោកស្រីភារធារីស្តីទីនៃស្ថាតទូតអាមេរិកប្រចាំកម្ពុជា
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែសីហា ឆ្នា២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោកជំទាវ Bridgette L Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ការមកដល់ខេត្តព្រះសីហនុជាទឹកដីដ៏ស្រស់បំព្រង ព្រមទាំងអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងសូមអគុណលោកប្រធានាធិបតី Donald J Trump ក្នុងការអន្តរាគមន៍បទឈប់បាញ់ដែលបង្កឡើងដោយយោធាថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងមក ដែលនឹងកំពុងបន្តចរចាសន្តិភាព ក្រោមសំណើរបស់លោកប្រធានធិបតី Donald J Trump ខេត្តព្រះសីហនុ មានសក្តានុពលដ៏សម្បូរបែបស្ថិតនៅនិរតីនៃប្រទេសកម្ពុជា។ ខេត្តព្រះសីហនុមាន៦ក្រុង ស្រុក ២៩ឃុំ-សង្កាត់ និង១១១ភូមិ ប្រជាពលរដ្ឋមានជាង៣១ម៉ឺននាក់។ ខេត្តមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះតូចធំ ៣២ នាំមកនូវសេដ្ឋកិច្ចសង្គម។ ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លុវអាកាស មានអាកាស យានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣ ៣០០ម៉ែត្រ ដែលតភ្ជាប់ទៅកាន់ពិភពលោក។ ខេត្តព្រះ សីហនុត្រូវបានកំណត់ជា ៤តំបន់៖ ១. តំបន់ភស្តុភាកម្ម ២. ទីក្រុងសមាហរណកម្ម លំនៅឋាន ពាណិជ្ជកម្មអន្តរជាតិ ៣. តំបន់ទេសចរណ៍ (តំបន់កោះទេសចរណ៍ល្អប្រណិត) ៤. កសិកម្ម (ស្រុកព្រៃនប់ និងស្រុកកំពង់សិលា)។

ឯកឧត្តមអភិបាលខេត្តបានបន្តថា សហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងវិស័យសំខាន់ៗជាច្រើនដល់កម្ពជា មានដូចជាការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ជាតិ និងការលើកតម្កើងបេតិកភណ្ឌវប្បធម៌ជាតិសម្បូរបែបរបស់កម្ពុជា អាមេរិកបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយ:ភាពជាដៃគូពាណិជ្ជ កម្ម និងការវិនិយោគ រូមទាំងការគាំទ្រលើប្រព័ន្ធអប់រំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីន ដែលបញ្ជាក់ថា អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ ហើយកម្ពុជានឹងបេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជនន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ សហរដ្ឋអាមេរិកបានកសាងផ្លូវហាយវេផ្លូវជាតិលេខ៤ នៅឆ្នាំ១៩៥៥ មានប្រវែង ២៣០គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ហើយការកសាងស្របពេលជាមួយនឹងការសាងសង់កំពង់ផែសមុទ្ររបស់កម្ពុជា។ ខេត្តព្រះសីហនុ ចាប់ទទួលនាវាយោធាសហរដ្ឋអាមេរិកចូលចតចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២៤មានចំនួន ៣០លើក ដែលមាននាវាសរុបចំនួន ៣៧គ្រឿង។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យនាវាទេសចរណ៍ WESTERDAM ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលជំងឺកូវី-១៩ ហើយការចូលចតនេះទៀតសោត គឺមានការទទួលស្វាគមន៍ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រទេសមួយចំនួនមិនអនុញ្ញាតិឱ្យចូលចត។

លោកជំទាវ Bridgette L Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងសហការី ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ សេចក្តីថ្លែងការ និងការតាំងចិត្តរបស់លោកប្រធានាធិបតី Donald J Trump ជួយឪ្យមានសន្តិភាពយូរអង្វែង និងការគាំទ្រតាមការបេជ្ញាចិត្តនៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ លោកជំទាវបានថ្លែងអំណគុណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ សហរដ្ឋអាមេរិក ទាំងរដ្ឋាភិបាល និងវិស័យឯកជន និងចូលរួមធ្វើកិច្ចការនេះជាមួយកម្ពុជា ដើម្បីជួយគាំទ្រការលូតលាស់របស់កម្ពុជា ក៏ដូចជាបង្កើតឪកាសសម្រាប់វិស័យធុរកិច្ចរវាងសហរដ្ឋអាមេរិក និងការវិនិយោគនៅកម្ពុជាផងដែរ ក្រៅពីវិស័យធុរកិច្ច និងវិស័យសេដ្ឋកិច្ចយើងមានក្តីសង្ឃឹមចំពោះការគោរពខួប៧៥ឆ្នាំ នៃទំនាក់ទំនងការទូត ដើម្បីសម្លឹងទៅរកការពង្រឹងវិស័យដ៏ទៃទៀតនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាក់ទំនងនឹងវិស័យអប់រំ និងអប់រំ ទំនាក់ទំនងវប្បធម៌ និងវប្បធម៌ ការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងមន្ត្រីអនុវត្តច្បាប់ ហើយភាពជាដៃគូរនេះធ្វើឱ្យកម្ពុជា និងសហរដ្ឋ អាមេរិកកាន់តែមានភាពរីកចម្រើនបន្ថែមទៀតក្នុងនោះយើងសម្លឹងទៅរកការពង្រឹងកិច្ច សហប្រតិបត្តិការវិស័យសុខភាពសាធារណ ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកបច្ចេកវិទ្យាជាដើម។

លោកជំទាវបានបញ្ជាក់ថា ក្នុងការគោរពទិវាសប្តាហ៍ស្ថានទូតអាមេរិកនៅខេត្តព្រះសីហនុ នាពេលនេះ យើងមានសកម្មភាពរហូតដល់៨០ និងសកម្មភាពធ្វើការជាមួយដៃគូលើវិស័យទាំងអស់ ព្រមទាំងអញ្ជើញអភិបាលខេត្ត និងសហការរីចូលរួមមើលខ្សែភាពយន្តឯកសារ (លួច ឬចារកម្ម) ដែលរៀបរាប់ពីសកម្មភាពស៊ើបអង្កេតរកវត្ថុបុរាណរបស់កម្ពុជាប្រគល់ជូនកម្ពុជាវិញ ហើយគ្រប់សកម្មភាពដែលយើងធ្វើនៅក្នុងខេត្តព្រះសីហនុ ដូចជាការបើកស្លាករំលឹកខួបលើកទី៧៥ នៃការភ្ជាប់ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសរំលឹកដល់ការសាងសង់ផ្លូវជាតិលេខ៤ និងការចូលរួមដាំដើមឈើរួមគ្នារំលឹកដល់មហាវិថីប្រធានាធិបតី ចន អេហ្វ ខិនណេឌី ដែលសម្ពោធនៅឆ្នាំ១៩៦៧ ហើយកិច្ចសហប្រតិបត្តិការជានិមិត្តរូបនៃកិច្ចសហការរវាងប្រជាជន និងប្រជាជនដែលជាមូលដ្ឋាននៃទំនាក់ទំនងដទៃទៀត ដូចជាខេត្តព្រះសីហនុ មានទំនាក់ទំនងជាមួយទីក្រុងស៊ីអាថល សហរដ្ឋអាមេរិកជាដើម៕
ដោយ ងូ សុមុនី





